ប្រទេសថៃ អាចនឹងពិចារណាអនុញ្ញាតឲ្យអ្នកទេសចរដែលមានលិខិតចាក់វ៉ាក់សាំងកូវីដ-១៩ ចូលក្នុងប្រទេសដោយមិនចាំបាច់ធ្វើចត្តាឡឺស័ក ខណៈប្រទេសមួយនេះ កំពុងព្យាយាមយឹតយោងវិស័យទេសចរណ៍របស់ខ្លួនឲ្យប្រសើរឡើងវិញ ។
តាមការថ្លែងបញ្ជាក់របស់លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា កាលពីថ្ងៃអង្គារ ទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២១ កន្លងទៅ បានឲ្យដឹងថា រដ្ឋាភិបាលនឹងពិចារណាអនុញ្ញាតឲ្យអ្នកទេសចរ ដែលមានលិខិតបញ្ជាក់ការចាក់វ៉ាក់សាំងកូវីដ-១៩ អាចធ្វើដំណើរចូលក្នុងប្រទេសដោយមិនចាំបាច់ធ្វើចត្តាឡឺស័ករយៈពេល ២ សប្ដាហ៍បន្តទៀតឡើយ ដោយក្នុងនោះខាងអាជ្ញាធរនឹងរៀបចំគម្រោងដើម្បីតាមដានពួកគេ អំឡុងពេលស្នាក់នៅក្នុងប្រទេសនេះ ។
ផែនការបន្ធូរបន្ថយវិធានការលើអ្នកទេសចរនេះ បង្ហាញពីការផ្លាស់ប្ដូរជំហរក្នុងប្រទេសថៃ ក្រោយរយៈពេលរាប់ខែ នៅតែទាមទារឲ្យអ្នកទេសចរចូលក្នុងប្រទេសទាំងអស់ ត្រូវតែធ្វើចត្តាឡឺស័កជាដាច់ខាតនោះ ។ ប្រសិនបើគម្រោងត្រូវបានអនុវត្ត នោះការផ្លាស់ប្ដូរនេះនឹងអាចជួយជម្រុញឲ្យវិស័យទេសចរមានការកើនឡើង និងជួយសម្រួលដល់សេដ្ឋកិច្ចជាតិអំឡុងពេលវិបត្តិកូវីដនេះបានចំណែកផងដែរ ៕ ប្រភព៖ប្រជាប្រិយ