ថ្លើមធំណាស់​! ហ៊ានក្លែង​ហត្ថ​លេខានិង​ត្រា​នាយក​រដ្ឋមន្ត្រីពាក់ព័ន្ធ​ដីធ្លី​

ជន​ស​ង្ស័យ៤​នាក់ ត្រូវ​បាន​លោក រស់ ផុ​ន​ច័ន្ទ​និមល ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្ដាល បាន​ស​ម្រ​ច​ចេញ​ដីកាឃុំខ្លួន ពី​បទ «​ក្លែងបន្លំ​ឯកសារ​សាធារណ​: ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង (​ក្លែង​លិខិត ក្លែង​ហត្ថលេខា និង​ត្រា​របស់​នាយក​រដ្ឋមន្ត្រី​) ប្រើប្រាស់​ឯកសណ្ឋាន​ជា​អាទិ៍ ដែល​មាន​ភាព​ប្រហាក់ប្រហែល​គ្នា​នឹង​យោធា និង​កាន់កាប់​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត និង​សមគំនិត​ក្នុង​អំពើ​ប្រើប្រាស់​ឯកសារ​ធារ​ណៈ​ក្លែង​។ តាម​មាត្រា​៤៩០ ,៦១៦ ,៦២៩ និង​មាត្រា​៦៣០ នៃ​ក្រមព្រហ្មទណ្ឌ ។ ដែល​ប្រព្រឹត្ត​នៅ​ភូមិ​ស្លែង​ដីដុះ ឃុំ​ព្រែក​តា​ទែន ស្រុក​ពញ្ញាឮ ខេត្តកណ្តាល កាលពី​ថ្ងៃ​ទី​២៨ ខែមករា ឆ្នាំ​២០២១ ។

ជន​ត្រូវ​ចោទ​រួម​មាន​ ​១-ឈ្មោះ យ៉ា​ន់ ចំណាប់ អាយុ​៥៥​ឆ្នាំ​, ២-ឈ្មោះ សួន ផ​ល្លី អាយុ​៥៤​ឆ្នាំ​, ​៣-ឈ្មោះ យ៉ែ​ម សា​រឿ​ន អាយុ​៦៦​ឆ្នាំ និង៤-ឈ្មោះ មាស ភូ​រិ​ន្ទ អាយុ​២៦​ឆ្នាំ​។ ជន​ទាំង​៤​ក់​នេះ បាន​ប្រព្រឹត្ត​នៅ​ភូមិ​ស្លែង​ដីដុះ ឃុំ​ព្រែក​តា​ទែន ស្រុក​ពញា​ឬ ខេត្តកណ្ដាល កាលពី​ថ្ងៃ​ទី​២៨ ខែមករា ឆ្នាំ​២០២១​។

តាម​ដំណើររឿង​មាន​ដូច​តទៅ ៖ ​ឈ្មោះ យ៉ែ​ម សា​រឿ​ន បាន​សារភាព​ថា ខ្លួន​ជា​តំណាង​ប្រជាពលរដ្ឋ​៣១​គ្រួសារ នៅ​ភូមិ​ស្លែង​ដីដុះ ឃុំ​ព្រែក​តា​ទែន ស្រុក​ពញាឮ ខេត្តកណ្តាល បាន​ផ្តិត​មេដៃ​ស្នើ​សុំ​កាត់​ដី​បឹង​ចំណុច​បឹង​ក​ញ្ច្រាំ​ចំនួន៨.៦០​ហិច​តា ពេល​នោះ​នៅ​ក្នុង​ឆ្នាំ​២០១៧ ខ្លួន​បាន​ពឹងពាក់​ឈ្មោះ ហម សន្ធិ ឱ្យ​ជួយ​រត់ការ​សុំ ស​.​ជ​.​ណ ពី​រាជរដ្ឋាភិបាល និង​ក្រសួង​ធនធានទឹក ដើម្បី​កាត់​ដី​នេះ ប៉ុន្តែ​មិន​បាន​សម្រេច​។

បន្ទាប់​មក​នៅ​ឆ្នាំ​២០១៩ ឈ្មោះ យ៉ែ​ម សា​រឿ​ន បាន​ពឹង​ឈ្មោះ​ឡុ​ង សុខ ឱ្យ​ជួយ​រត់ការ​ម្តងទៀត ប៉ុន្តែ​មិន​បាន​សម្រេច រហូត​មក​ដល់​ឆ្នាំ​២០២០ ឈ្មោះ យ៉ែ​ម សា​រឿ​ន បាន​ពឹង​ឈ្មោះ សួន ផ​ល្លី ដើម្បី​រត់ការ​សុំ ស​.​ជ​.​ណ និង​កាត់​ដី​ពី​ក្រសួង​ធនធានទឹក នៅ​ចំណុច​ខាងលើ ដោយ មាន​ធ្វើ​កិច្ចសន្យា​ព្រមព្រៀង​គ្នា​លើ​តម្លៃ និង​មាន​រយៈពេល​កំណត់​។ លុះ​មក​ដល់​ថ្ងៃ​ទី​២៨ ខែមករា ឆ្នាំ​២០២១ ឈ្មោះ សួន ផ​ល្លី បាន​ផ្ញើ​លិខិត​បង្គាប់ការ​លេខ​៣៨ អ​អរ​/២១ មក​ឱ្យឈ្មោះ យ៉ែ​ម សា​រឿ​ន​។

បន្ទាប់​ពី​ទទួល​បាន​លិខិត​បង្គាប់ការ​នេះ​ហើយ​ឈ្មោះ យ៉ែ​ម សា​រឿ​ន បាន​ថតចម្លង​ឯកសារ​នេះ​ចេញ​ជា​ច្រើន​សន្លឹក និង​បានឱ្យ​ឈ្មោះ ម៉េ​ង ទៅ​សួរ​មេឃុំ​ព្រែក​តា​ទែន ដើម្បី​ស្នើ​សុំ​ការ​ចុះ​វាស់វែង​។ ឈ្មោះ សួន ផ​ល្លី បានឱ្យ​ដឹង​ថា ខ្លួន​បាន​ទទួល​ការ​ពឹងពាក់​ពី​ឈ្មោះ យ៉ែ​ម សា​រឿ​ន ដើម្បី​រត់ការ​កាត់​ដី​បឹង​ក​ញ្ច្រាំ​នៅ​ចំណុច ភូមិ​ស្លែង​ដីដុះ ឃុំ​ព្រែក​តា​ទែន ស្រុក​ពញាឮ ខេត្តកណ្តាល ដែល​មាន​ទំហំ ៨.៦០​ហិច​តា​ដើម្បី​ស្នើ​សុំ ស​.​ជ​.​ណ ពី​រាជរដ្ឋាភិបាល និង​ធ្វើ​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី ទីតាំង​ខាងលើ​ចែក​ជូន​ប្រជាពលរដ្ឋ​ចំនួន​៣១​គ្រួសារ ដោយ​ធ្វើការ​ព្រមព្រៀង​ក្នុង​តម្លៃ ១.៥០០.០០០ដុល្លារ​​។

បន្ទាប់​ពី​ធ្វើ​កិច្ចព្រមព្រៀង​ស្តី​ពី​ការ​ផ្តល់​សេវាកម្ម​ធ្វើ​ប័ណ្ណកម្មសិទ្ធិ​ដី​រួច​មក ខ្លួន​បាន​ពឹងពាក់​ឱ្យឈ្មោះ យ៉ា​ន់ ចំណាប់ ជា​អ្នក​ធ្វើ​លិខិត​បង្គាប់ការ​ពី​រាជរដ្ឋាភិបាល លុះ​មក​ដល់​ថ្ងៃ​ទី​២៨ ខែមករា ឆ្នាំ​២០២១ ឈ្មោះ យ៉ា​ន់ ចំណាប់ បាន​ផ្ញើ​ឯកសារ​លិខិត​បង្គាប់ការ​មក​ឱ្យ​ខ្លួន​ពិនិត្យ​មើល​ខ្លឹមសារ ពេល​នោះ​ខ្លួន​ថា អាច​ទទួលយក​បាន ហើយ​ក៏​ឱ្យ យ៉ា​ន់ ចំណាប់ រៀបចំ​ចុះហត្ថលេខា​យក​មក​។

​នៅ​ព្រឹក​ថ្ងៃ​ទី​៤ ខែកុម្ភៈ ឆ្នាំ​២០២១ ឈ្មោះ យ៉ា​ន់ ចំណាប់ បាន​មក​ជួប​ខ្លួន​ដោយ​យក​លិខិត​បង្គាប់ការ​ថតចម្លង​ដែល​មាន​លេខ ៣៨ អ​អរ​/២១ ចុះ​ថ្ងៃ​ទី​២៨ ខែមករា ឆ្នាំ​២០២១​។ បន្ទាប់​ពី​ទទួល​បាន​ដីកា​បង្គាប់​នេះ​ភ្លាម​ខ្លួន​ក៏​បាន ហៅ​ឈ្មោះ យ៉ែ​ម សា​រឿ​ន ឱ្យមក​យក​ដីកា​បង្គាប់ការ​នេះ និង​បាន​ទទួល​ប្រាក់​ចំនួន ២១.០០០ដុល្លារ ពី​ឈ្មោះ​យ៉ែ​ម សា​រឿ​ន​។​ឈ្មោះ មាស ភូ​រិ​ន្ទ ដែល​ត្រូវជា​កូនចៅ​របស់​ឈ្មោះ សួន ផ​ល្លី បានឱ្យ​ដឹង​ថា ឈ្មោះ សួន ផ​ល្លី មាន​ទំនាក់ទំនង​ជាមួយ​ឈ្មោះ យ៉ា​ន់ ចំណាប់ និង​ពាក់ព័ន្ធ​រឿង​រត់ការ​លិខិត​បង្គាប់ការ​នេះ​ពិតប្រាកដ​មែន​។

នៅ​ថ្ងៃ​ទី​២៧ ខែមករា ឆ្នាំ​២០២១ ឈ្មោះ យ៉ា​ន់ ចំណាប់ បាន​ថតរូប​ឯកសារ​ផ្ញើ​មក​ឱ្យឈ្មោះ សួន ផ​ល្លី ហើយ​ឈ្មោះ សួន ផ​ល្លី បាន​ប្រើ​ខ្លួន​ឱ្យ​ជួយ​អាន​ខ្លឹមសារ​ឯកសារ​នោះ​។ បន្ទាប់​មក​ឈ្មោះ សួន ផ​ល្លី បានឱ្យ​ខ្លួន​ផ្ញើ​ប្រាក់ ទៅ​ឱ្យឈ្មោះ យ៉ា​ន់ ចំណាប់ ជា​ច្រើន​ដង​ក្នុង​មួយ​ដង​ចន្លោះ​ពី ៣០០ដុល្លារ​ ទៅ​៥០០ដុល្លារ​ ហើយ​ឈ្មោះ សួន ផ​ល្លី បានឱ្យ​ខ្លួន​បើកឡាន​ជូន​គាត់​ទៅ​ជួប​ឈ្មោះ យ៉ា​ន់ ចំណាប់ និង​បាន​ប្រគល់​ប្រាក់​ជា​ច្រើន​នៅ​ហាង​កាហ្វេ PN ម្តុំ​ផ្សារ​ទំនើប​អ៊ី​អន​២​។

តាម​ចម្លើយ​សារភាព​របស់ ឈ្មោះ យ៉ា​ន់ ចំណាប់ បានឱ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០២១ ខ្លួន​បាន​ទទួល​ការ​ពឹងពាក់​ពី​ឈ្មោះ សួន ផ​ល្លី រត់ការ​រឿង​ដីធ្លី​របស់​ប្រជាជន ៣១​គ្រួសារ​ដែល​ស្ថិត​នៅ​ចំណុច​បឹង​ក​ញ្ច្រាំ ទំហំ ៨.៦០​ហិច​តា នៅ​ភូមិ​ស្លែ​ដីដុះ ឃុំ​ព្រែក​តា​ទែន ស្រុក​ពញាឮ ខេត្តកណ្តាល ដើម្បី​ធ្វើ ស​.​ជ​.​ណ របស់​រាជរដ្ឋាភិបាល​ដោយ​ឈ្មោះ សួន ផ​ល្លី សន្យា​ថា នឹង​ឱ្យប្រាក់​ទៅ​ខ្លួន ៥០.០០០$ ក្រោយ​ពី​ធ្វើ​បាន​សម្រេច តែ​ខ្លួន​បាន​ទារ​លុយ​មុន​ចំនួន​១០.០០០ដុល្លារ​ ។ ដល់​ថ្ងៃ​ទី​២៧ ខែមករា ឆ្នាំ​២០២១ ឈ្មោះ សួន ផ​ល្លី បាន​ទូរស័ព្ទ​ណាត់​ខ្លួន​ទៅ​ជួប​នៅ​ហាង​កាហ្វេ​ដដែល និង​បាន​ប្រគល់​ប្រាក់​ចំនួន ១០.០០០ដុល្លារ​ ទៅ​ឱ្យ​ខ្លួន​ដើម្បី​រត់ការ​។

បន្ទាប់​មក​ខ្លួន​ក៏​បាន​ទៅ​ជួប​អ្នក​កាត់ត​ឯកសារ ដែល​ស្គាល់គ្នា​នៅ​ហាង​កាហ្វេ​មួយ​កន្លែង ដើម្បី​ឲ្យ​កាត់ត​ឯកសារ​ធ្វើ ស​.​ជ​.​ណ ដោយ​ព្រមព្រៀង​គ្នា​ក្នុង​តម្លៃ ១០០$​។ ដល់​ថ្ងៃ​ទី​២៨ ខែមករា ឆ្នាំ​២០២១ អ្នក​កាត់ត​បាន​ផ្ញើ​រូបភាព​លិខិត​បង្គាប់ការ គ្មាន​លេខ គ្មាន​ត្រា គ្មាន​ហត្ថលេខា មក​ឱ្យ​ខ្លួន​។ ខ្លួន​ក៏​ផ្ញើ​បន្ត​ទៅ​ឱ្យឈ្មោះ សួន ផ​ល្លី​មើល​។ ក្រោយ​ពី​ព្រមព្រៀង​គ្នា​លើ​ខ្លឹមសារ​ហើយ ខ្លួន​ក៏​បានឱ្យ​អ្នក​កាត់ត នោះ​ធ្វើ​លិខិត​បង្គាប់ការ ដោយ​មាន​លេខ ឈ្មោះ ត្រា និង​ហត្ថលេខា របស់​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​ចុះ​ថ្ងៃ​ទី​២៨ ខែមករា ឆ្នាំ​២០២១​។

ក្រោយមក​ទៀត​ខ្លួន​បាន​ថតចម្លង​លិខិត​នេះ ហើយ​ណាត់ជួប​ឈ្មោះ សួន ផ​ល្លី ដើម្បី​ប្រគល់​លិខិត​នេះ​ឱ្យទៅ​គាត់ និង​ទទួល​បាន​ប្រាក់​កក់ ពី​ឈ្មោះ សួន ផ​ល្លី ១០.០០០$ ទៀត​។ រយៈពេល​ប្រហែល​មួ​យស​ប្តា​ហ៍​ក្រោយមក ឈ្មោះ សួន ផ​ល្លី បាន​ទាក់ទង​សួរ​អំពី​លិខិត​ច្បាប់​ដើម ខ្លួន​ក៏​បាន​កុហក​ឈ្មោះ សួន ផ​ល្លី ថា ម្តង​ថ្ងៃនេះ ម្តង​ថ្ងៃ​នោះ មិន​បាន​ប្រគល់​ច្បាប់​ដើម​ឲ្យ​ទេ​។ លទ្ធផល​ស្រាវជ្រាវ ឈ្មោះ យ៉ា​ន់ ចំណាប់ ពិតជា​បាន​ធ្វើ​លិខិត​បង្គាប់ការ លេខ ០៣៨ អ​អរ​/២១ ចុះ​ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០២១​ចុះហត្ថលេខា​ដោយ សម្តេច​តេ​ជោ នាយក​រដ្ឋមន្ត្រី (​ឯកសារ​ក្លែងក្លាយ​) និង​បាន​យក​លិខិត​បង្គាប់ការ​នេះ​ទៅ​ឲ្យ​ឈ្មោះ សួន ផ​ល្លី ប្រើប្រាស់​កាលពី​ថ្ងៃ​ទី​២៨.០១.២០២១ ពិតប្រាកដ​មែន​។ ចំណែក​ឈ្មោះ​សួន ផ​ល្លី ក៏​បាន​យក​លិខិត​បង្គាប់ការ​នេះ​ដដែល​ទៅ​ឲ្យ​ឈ្មោះ យ៉ែ​ម សា​រឿ​ន ប្រើប្រាស់​ពិតប្រាកដ​មែន​។

ឯ​ឈ្មោះ​យ៉ែ​ម សា​រឿ​ន បាន​យក​លិខិត​នេះ​ទៅ​ឲ្យ​ឈ្មោះ​ម៉េ​ង ដើម្បី​យក​ទៅ​សួរ ស្មៀន ឃុំ​ព្រែក​តា​ទែន ស្រុក​ពញាឮ ខេត្តកណ្តាល ដើម្បី​ដាក់​ឲ្យ​អនុវត្ត ។ ការ​ធ្វើ​លិខិត​បង្គាប់ការ​នេះ​ជា​ថ្នូរ​នឹង​ការ​ផ្តល់​ប្រាក់​ត្រឡប់​មក​វិញ​ឈ្មោះ​យ៉ែ​ម សា​រឿ​ន ផ្តល់​ប្រាក់ ចំនួន​២១.០០០$ (​ពីរ​ម៉ឺន​មួយ​ពាន់​ដុល្លារ​) ទៅ​ឲ្យ​ឈ្មោះ​សួន ផ​ល្លី ហើយ​ឈ្មោះ​សួន ផ​ល្លី បាន​យក​ប្រាក់ ចំនួន​២០.០០០$ (​ពីរ​ម៉ឺន​ដុល្លារ​)​ឲ្យ​ទៅ​ឈ្មោះ យ៉ា​ន់ ចំណាប់ កាលពី​ថ្ងៃ​ទី​១៨.០១.២០២១ វេ​ល​ម៉ោង ១៣​និង​០០​នាទី ។

បើ​តាម​កិច្ចសន្យា​ធ្វើ​ឡើង​រវាង​ឈ្មោះ​យ៉ែ​ម សា​រឿ​ន និង​ឈ្មោះ​សួន ផ​ល្លី នៅ​ពេល​ណា​ដែល​ឈ្មោះ​សួន ផ​ល្លី រត់ការ​បាន​សម្រេច លើ​ការ​ស្នើរ​សុំ ស​.​ជ​.​ណ ពី​រាជរដ្ឋាភិបាល និង​ធ្វើ​ប័ណ្ណកម្មសិទ្ធិ នៃ​ដី​ទំហំ​ប្រហែល​៨.៦០​ហិច​តា ដែល​មាន​ទីតាំង​ស្ថិត​នៅ ភូមិ​ស្លែង​ដីដុះ ឃុំ​ព្រែក​តា​ទែន ស្រុក​ពញាឮ ខេត្តកណ្តាល គឺ​តម្រូវ​ឲ្យ​ឈ្មោះ​យ៉ែ​ម សា​រឿ​ន ផ្តល់​ប្រាក់​ចំនួន ១.៥០០.០០០$ (​មួយ​លាន​ហាសិប​ម៉ឺន​ដុល្លារ​) ទៅ​ឲ្យ​ឈ្មោះ​សួន ផ​ល្លី ។ ករណី​នេះ​បាន​បែកធ្លាយ​ដល់​ថ្នាក់ដឹកនាំ និង​ខុទ្ទកាល័យ​សម្តេច​តេ​ជោ ហ៊ុន សែន រហូត​ចាត់វិធានការ​តាម​ផ្លូវច្បាប់​តែ​ម្តង​៕​ ប្រភព៖កោះសន្តិភាព

Leave a Reply

Your email address will not be published. Required fields are marked *