ប្លែកហើយឱកាសធំទៀត! មកដឹងបច្ចេកទេសចិញ្ចឹមពស់វែក ខណៈពស់នេះមានតម្លៃថ្លៃ ចិនចូលចិត្ដទិញណាស់

ការចិញ្ចឹមពស់វែកគឺជារបកគំហើញថ្មីមួយនៅកម្ពុជា ខណៈដែលប្រទេសជិតខាងយើងមានដូចជា ចិន វៀតណាម ថៃ ជាដើម កំពុងតែកាក់កបនឹងរបរមួយនេះណាស់។ មិនត្រឹមតែប៉ុណ្ណោះ របរចិញ្ចឹមពស់វែកនេះ ពិតជាមានប្រជាប្រិយភាពខ្លាំងនៅប្រទេសចិនដែលមុខរបរនេះ អាចទទួលបានប្រាក់ចំណូលរាប់ម៉ឺនដុល្លារក្នុងមួយឆ្នាំៗ។ ជាការពិត ប្រភេទពស់គឺមានច្រើនណាស់ ប៉ុន្តែពស់ដែលគេពេញនិយមច្រើនបំផុតគឺពស់វែក។ ព្រោះពស់វែកនេះ មានអត្ថប្រយោជន៍ជាច្រើនក្រៅតែពីការយកទៅបរិភោគ។

ចំពោះអត្ថប្រយោជន៍របស់ពស់វែកនេះ ក្រុមចាបក្រហមនឹងចេញអត្ថបទនេះក្នុងវគ្គក្រោយបន្តទៀត។ សូមបញ្ជាក់ខាងដើមបន្តិចថា បច្ចេកទេសនេះគឺនៅមិនមានការពន្យល់ច្រើនទេនៅស្រុកខ្មែរយើងនូវឡើយទេ។ ដើម្បីអាចចិញ្ចឹមពស់នេះឱ្យទទួលផលបានច្រើន គួរតែសិក្សាបច្ចេកទេសឱ្យបានច្រើនប្រភពសិន យល់ដឹងពីអត្ថប្រយោជន៍របស់វាឱ្យបានច្បាស់ និងសិក្សាពីតម្រូវការរបស់អ្នកទទួលទានឱ្យបានគ្រប់ជ្រុងជ្រោយ ទើបធ្វើឱ្យការចិញ្ចឹមនេះមានដំណើរការទីផ្សារល្អទៅមុនបានយូរ។ ខាងក្រោមនេះគឺជា បច្ចេកទេសចិញ្ចឹមពស់វែកជាលក្ខណៈមូលដ្ឋាន៖

១.ការបង្កាត់ពូជនិងភ្ញាស់ពង៖ -ការជ្រើសរើសពស់ឈ្មោលនិងញីសម្រាប់ការបង្កាត់ពូជត្រូវតែផ្អែកលើរូបរាងរបស់វា។ យកពស់ឈ្មោលនិងញីដាក់ក្នុងទ្រុងបង្កាត់ពូជជាមួយគ្នា ចៀសវាងទ្រុងមានសំណើមខ្លាំងនៅពេលបង្កាត់ពូជ។ បន្ទាប់ពីបង្កាត់ហើយពស់ញីនឹងប្ដូរស្បែកនៅចន្លោះថ្ងៃទី ១៥-២០។ ពស់ញីពេញវ័យគឺមានអាយុ ៩-១០ អាចយកទៅបង្គាត់ពូជបានហើយ។ ដើម្បីទទួលផលបានខ្ពស់ ត្រូវដាក់ពស់ឈ្មោល២ក្បាល់ក្នុងចំណោមពស់ញី១០ក្បាល។ ពេលវេលាដាក់ពស់ឱ្យនៅជាមួយគ្នាប្រហែល ៣០-៣៥ថ្ងៃ ហើយពស់ញីភ្ញាស់ពងបានចន្លោះ ១២-២១ពងក្នុងពស់ញី១ក្បាល។ ដំណើរការនៃការភ្ញាស់ពងពស់៖ គឺត្រូវមានពាងមួយដែលខាងក្រោមនៃបាតពាងត្រូវតែដាក់ដីមានកម្រិតសំណើម ២០-៣០% បន្ទាប់យកខ្សាច់មកដាក់មួយស្រទាប់ស្ដើងពីលើដីទៀត។ បន្តទៀត ត្រូវយកពងពស់មកដាក់ក្នុងពាងនោះដោយយកក្រណាត់មកបិទមាត់ពាងឱ្យជិត ទុករយៈ ៧៥ថ្ងៃ ពងពស់នឹងញាស់ដោយខ្លួនឯង។

២.ការរៀបចំជម្រក៖ ។ ពស់គឺជាសត្វដែលត្រូវការកន្លែងស្ងប់ស្ងាត់និងងងឹង។ សាងអាងកម្ពស់ ២-២.៥​​ ម៉ែត្រ ដើម្បីការពារពស់ចេញដោយប្រការណាមួយ។ ក្នងអាងត្រូវមានកន្លែងបង្ហូរទឹកចេញពេលដែលយើងលាងឬស្រោចទឹកពស់។ ទំហំអាង ២ម៉េត្រការ៉េ ពស់អាយុ៥ខែអាចដាក់បាន ២០ក្បាល។ រោងចិញ្ចឹមត្រូវតែជិតការពារពន្លឺព្រះអាទិត្យនិងទឹកភ្លៀង។

៣.ការថែទាំនិងឱ្យចំណី៖ ពស់មានភាពធន់ទ្រាំខ្ពស់ជំងឺទាបនិងសមត្ថភាពក្នុងការសម្របខ្លួនទៅនឹងលក្ខខណ្ឌចិញ្ចឹម។ ចំណីពស់ត្រូវតែស្អាតមិនមែនអាហារស្អុយរលួយទេ។ ការដាក់ចំណីក្នុងមួយសប្តាហ៍ចំនួន ២-៣ដង។ ពស់អាយុ៩-១០ខែគឺត្រូវដាក់ កង្កែប ត្រី បង្គា កណ្ដុរ ឬកូនមាន់។ កូនពស់តូចៗត្រូវឱ្យ កូនកង្កែប កូនបង្គា ឬកូនត្រី។ ទឹកផឹក៖ ល្អបំផុតក្នុងការផ្តល់ទឹកស្អាតនិងត្រជាក់គ្រប់គ្រាន់សម្រាប់ពស់ផឹកនិងងូតទឹកដោយសេរី។ នៅក្នុងទ្រុងវាចាំបាច់ត្រូវដាក់កុងតឺន័រទឹកសម្រាប់ងូតទឹកពស់ផឹកដើម្បីផ្លាស់ប្តូរទឹករាល់ថ្ងៃ។ គួរតែដាក់អំពូលកម្ដៅដើម្បីឱ្យពស់សម្របខ្លួនទៅនឹងពន្លឺនិងបង្កើតសីតុណ្ហភាពក្តៅសម្រាប់ពស់ (ក្នុងរដូវរងារ) ។

៤.ការប្រមូលផល៖ ពស់អាចប្រមូលផលក្នុងអាយុ១០ខែ ដែលមានទម្ងន់ចាប់ពី ១,២គីឡូក្រាម ឬច្រើនជាងនេះ។តម្លៃពស់តាមទំហំរូបរាង ចាប់ពី ៣០-៧៥ ដុល្លារក្នុងមួយគីឡូក្រាម។ បច្ចេកទេសដ៏ថ្មីសន្លាងនេះ គឺជាការចាប់ផ្ដើមគំនិតថ្មីសម្រាប់ប្រទេសកម្ពុជាដែលយើងត្រូវការសិក្សានិងស្រាវជ្រាវបន្ថែមទៀត ជាពិសេសនោះ គឺអំឡុងពេលដែលលោកអ្នងចិញ្ចឹមត្រូវកំណត់ចំណាំបន្ថែមទៀត ព្រោះវានឹងអាចប្រែប្រួលតាមស្ថានភាពជាក់ស្ដែងនិងការប្រែប្រួលអាកាសធាតុ៕ Cr: Bussiness-Cambodia

Leave a Reply

Your email address will not be published. Required fields are marked *