ស្រឡះខ្លួន! ចៀមមួយក្បាលនេះអត់កោររោមយូរឆ្នាំ ទុករោមដល់ទម្ងន់ជាង៣៤គីឡូក្រាម ឥឡូវកោរចេញហើយ (មានវីដេអូ)

តាមការចុះផ្សាយរបស់សារព័ត៌មាន DailyMail បានឱ្យដឹងថា ចៀមមួយក្បាល ដែលមានរោមទម្ងន់ប្រមាណ ៣៤គីឡូក្រាមត្រូវបានគេកោរចេញហើយ ដែលធ្វើឱ្យចៀមមួយក្បាលនេះមើលឃើញច្បាស់វិញជាលើកដំបូងនៅក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ។

ចៀមមានឈ្មោះថា Baarack ដែលគេបានប្រលែងឱ្យរស់ក្នុងព្រៃអស់រយៈពេលជាច្រើនឆ្នាំមកនេះ ត្រូវបានគេប្រទះឃើញនៅដើមខែនេះ ដោយវាដើរម្នាក់ឯងនៅក្នុងព្រៃនៃរដ្ឋ Victoria ប្រទេសអូស្ដ្រាលី ក្នុងនោះគេសន្មតថា រោមរបស់វាដុះមានរយៈពេល​ ៥ឆ្នាំមកហើយ។

យ៉ាងណាមិញ អ្នកស្ម័គ្រចិត្ដបានចំណាយពេលមួយម៉ោង ដើម្បីកោររោមដ៏ធំក្រាស់ឃ្មឹករបស់ចៀមនេះ បើធៀបនឹងដំណើរការកោររោមទូទៅ គឺចំណាយពេលតែប៉ុន្មាននាទីប៉ុណ្ណោះ។ ម៉្យាងទៀត ពួកគេមិនអាចជឿនឹងភ្នែកទទេរបាននោះទេ ដែល Baarack​ អាចរស់នៅជាមួយរោមដ៏ក្រាស់របស់វាដល់ថ្នាក់នេះ ពីព្រោះនៅខាងក្រោមរោមរបស់វា គេរកឃើញមានមែកឈើតូចៗ និងសត្វល្អិតជាប់នៅរោមរាប់មិនអស់ផងដែរ។

គួរជម្រាបដែរថា បច្ចុប្បន្ននេះ Baarack កំពុងជាសះស្បើយបន្ដិចម្ដងៗ ហើយនិងសម្របខ្លួនទៅនឹងជីវិតថ្មីរបស់វា នៅឯដែនជម្រកសត្វព្រៃមួយក្នុងប្រទេសអូស្រ្ដាលី ដោយមានបុគ្គលិកមើលថែទាំនៅទីនោះផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *