ហួសចិត្ត ! ប្រុសកំហូចធ្វើចត្តាឡីស័កជាមួយប្រពន្ធបណ្តើរ លួចទាក់ទងស្រីបណ្តើរ រួចរត់តាមស្រីស្នេហ៍បាត់

ពលករខ្មែរ២នាក់ប្តីប្រពន្ធ ពេលត្រឡប់មកពីប្រទេសថៃ ត្រូវអាជ្ញាធរតម្រូវឱ្យធ្វើចត្តាឡីស័ក រយៈពេល១៤ថ្ងៃ មុននឹងអនុញ្ញាតឱ្យវិលត្រឡប់ទៅកាន់លំនៅឋានវិញ តែដឹងអី ! អំឡូងពេលធ្វើចត្តាឡីស័ក ស្រាប់តែបុរសជាប្តីបែកគំនិតលួចទាក់ទងស្រីថ្មី ហើយលួចរត់ចេញពីមណ្ឌលចត្តាឡីស័ក ចោលប្រពន្ធរបស់ខ្លួន ដោយសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋានកំពុងតាមស្វែងរកបុរសម្នាក់នេះ នាំយកមកធ្វើចត្តាឡីស័កសាជាថ្មីឡើងវិញ។

បុរសកំហូចដែលលួចរត់ចេញពីមណ្ឌលចត្តាឡីស័ក ចោលប្រពន្ធ ទៅតាមស្រីស្នេហ៍នោះ មានឈ្មោះអ៊ូច វិបុល ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរជាពលករចំណាកស្រុក ទើបត្រឡប់មកពីធ្វើការនៅថៃ និងមានលំនៅក្នុងភូមិស្នូលទ្រេត ឃុំអូរបីជាន់ ស្រុកអូរជ្រៅ។

លោកហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ បានបញ្ជាក់ប្រាប់ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ ថា ឈ្មោះអ៊ូច វិបុល ខាងលើនេះ បានរត់គេចវេះពីមណ្ឌលចត្តាឡីស័ក អគារមហាវិទ្យាល័យសុខាភិបាល នៃសាកលវិទ្យាល័យជាតិ មានជ័យ កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១។

មុនពេលកើតហេតុ បុរសខាងលើនេះ ជាពលករខ្មែរដែលបានវិលត្រឡប់មកពីប្រទេសថៃ ហើយត្រូវបានតម្រូវឱ្យស្នាក់នៅធ្វើចត្តាឡីស័ក នៅទីនោះ ជាមួយប្រពន្ធ ដែលមកពីថៃ ជាមួយគ្នា។ ប៉ុន្តែក្រោយពីបានទាក់ទងគ្នា ជាមួយនឹងស្រីស្នេហ៍ម្នាក់ បុរសនេះ បានលួចរត់គេចចេញពីមណ្ឌលចត្តាឡីស័ក ចោលប្រពន្ធរបស់ខ្លួន។

លោកអភិបាលក្រុងសិរីសោភ័ណ បញ្ជាក់ថា ពេលនេះ កម្លាំងសមត្ថកិច្ច ក៏ដូចជាអាជ្ញាធរមូលដ្ឋានកំពុងតាមរក និងនាំខ្លួនបុរសខាងលើ យកមកធ្វើចត្តាឡីស័កសាជាថ្មីឡើង និងចាត់ការតាមផ្លូវច្បាប់ ស្តីពីការធ្វើចត្តាឡីស័ក៕ ប្រភព៖ kbn

Leave a Reply

Your email address will not be published. Required fields are marked *