ទឹកចិត្តខ្លាំងបំផុត! ដើម្បីដាស់តឿនពលរដ្ឋខ្មែរ ណុប បាយ៉ារិទ្ធ សុខចិត្តអង្គុយសរសេរសំណេររៀបរាប់ជិត ១០កថាខ័ណ្ឌ

តារាចម្រៀងជើងចាស់ប្រចាំផលិតកម្មហង្សមាស តែងតែបង្ហោះសំណេររំលឹកបងប្អូនប្រជាពលរដ្ឋខ្មែរឱ្យចូលរួមការពារខ្លួន និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ស្ទើររាល់ថ្ងៃនោះ ស្រាប់តែថ្ងៃចូលឆ្នាំទី២ បានសរសេរសំណេរយ៉ាងវែងអន្លាយជូនពរបងប្អូនខ្មែរយ៉ាងដូច្នេះថា «ថ្ងៃនេះជាថ្ងៃ វារៈវ័នបត ថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ សូមបួងសួងដល់ទេវតាឆ្នាំថ្មី សូមប្រោសប្រទាននៅសេចក្តីសុខ សិរីសួស្តី ដល់ពលរដ្ឋខ្មែរគ្រប់ៗរូប អោយជួបតែសេចក្តីសុខ ជៀសឆ្ងាយពីការឆ្លងរីករាលដាលនៃជម្ងឺកូវីដ-១៩ ទន្ទឹមនិងនោះសូមបងប្អូនបន្តរការប្រុងប្រយ័ត្នខ្ជាប់ខ្ជួននៅគោលការណ៍« ៣កុំ ៣ការពារ »អោយបានជាដាច់ខាត ដើម្បីធានានៅសុវត្តិភាពចំពោះខ្លួនឯងនិងគ្រួសារ ។

សូមតាំងចិត្តអំណត់អត់ធ្មត់ ទ្រាំតស៊ូក្នុងគ្រាលំបាកមួយរយៈពេលខ្លី តែដើម្បីសេចក្តីសុខរបស់បងប្អូនរយៈពេលវែង ។ សូមកុំស្លន់ស្លោរពេក រាល់ការលំបាកសុទ្ធតែមានវិធីដោះស្រាយ ជ្រើសរើសដំណោះស្រាយណាដែលគិតថាសមរម្យ អាចធ្វើបានដោយសុវត្តិភាព ប្រាកដ្តជាក់ថាគ្មានហានិភ័យ កុំផ្អើលតាមគ្នាជាហេតុនាំអោយស្ថានភាពវឹកវរ ជ្រួលច្របល់ពិបាកគ្រប់គ្រង រឹតតែធ្វើអោយជំងឺកាន់តែមានសន្ទុះក្នុងការបន្តរចរន្តចម្លងពីម្នាក់ទៅច្រើននាក់ក្នុងពេលដ៏ខ្លី ហើយកាន់តែបង្ករការលំបាក ក្លាយទៅជាបន្ទុកដ៏ធ្ងន់សម្រាប់សង្គមជាតិ ពិសេសថ្នាក់ដឹកនាំ គ្រូពេទ្យ និងក្រសួងពាក់ព័ន្ធ ។

តាំងស្មារតី កុំតក់ស្លត់កុំបារម្ភរពេក ការបាត់បង់ម្ចាស់ការរមែងធ្វើអោយយើងភ្លេចភ្លាំងនៅវិធានការការពារ រយៈពេលដ៏ខ្លីដែលភ្លេចខ្លួននោះហើយដែលធ្វើអោយបងប្អូនក្លាយទៅជាជនរងគ្រោះដោយមិនដឹងខ្លួន ១វិនាទីអាចឆ្លងបាត់ទៅហើយ តើវិនាទីបន្ទាប់សមាជិកគ្រួសារប៉ុន្មាននាក់ដែលអាចនិងឆ្លងបន្តរពីយើងទៀត? ហានិភ័យខ្ពស់ណាស់ ។

ខ្ញុំតែងចំណាយពេលសរសេរសារវែងៗ ហើយសង្ឃឹមថាបានជាចំណែកតូចមួយចែកជូនទៅដល់បងប្អូន ព្រោះខ្ញុំបាននិយាយហើយ វិនាទីនេះយើងត្រូវរួបរួមគ្នាបង្កើតជាសំឡេងសារដាស់តឿនស្មារតី ជួយដាស់គ្នាអោយភ្ញាក់ពីការភ្លេចខ្លួន ពីការធ្វេសប្រហែស ដាច់ខាតកុំគិតថាមិនអីៗ បងប្អូនមានតែម៉ាស់១ អាល់កុលមួយកូនដប តែបើបងប្អូនភ្លេចចំនុចណាមួយក្នុងគោលការណ៍៣កុំ ៣ការពារបងប្អូនមិនអាចធានាសុវត្តិភាពខ្លួនឯងនិងគ្រួសារបានទេ ។

ពិសេសមួយទៀត រាល់ការដឹងពត៌មានមុនការប្រកាសពីក្រសួងសូមស្តាប់ហើយពិចារណា ព្រោះកាលៈទេសៈនេះមានជនខិលខូចឆ្លៀតឱកាសបំពុល បង្អើល បង្ករចលាចល ដែលនាំអោយបងប្អូនមានការភ័យតក់ស្លុត ហើយព្យាយាមធ្វើអ្វីតាមលទ្ធភាពដែលខ្លួនធ្វើបាន តែសូមបងប្អូនពិនិត្យថ្លឹងថ្លែង អោយច្បាស់ថាគួរជឿឬមិនគួរសម្រាប់ពត៌មានខ្លះ ពិសេសចាំសេចក្តីប្រកាសពីក្រសួងចេញ ឬ ពីប្រមុខរាជរដ្ឋាភិបាលប្រកាសផ្ទាល់ទើបជាក់ច្បាស់ប្រាកដ្ត ។

ខ្ញុំនៅតែបន្តរការបួងសួងក្នុងនាមជាពលរដ្ឋខ្មែរដូចគ្នាសូមអោយ ពុកម៉ែ បងប្អូនទាំងអស់បានជៀសផុតពីការឆ្លងរីករាលដាលនៃជម្ងឺកូវីដ-១៩ ជៀសផុតពីហានិភ័យធំជាងនេះ ហើយក៏សង្ឃឹមថាទេវតាឆ្នាំថ្មីនិងបីបាច់ថែររក្សាពលរដ្ឋខ្មែរគ្រប់ៗរូបអោយមានសុខភាពល្អ អាចទប់ស្កាត់មេរោគចង្រៃមួយនេះបាន និង សង្ឃឹមថាគ្រប់យើងគ្រប់ៗគ្នានិងអាចយកឈ្នះវាបានក្នុងពេលឆាប់ៗនេះ សូមអោយប្រទេសកម្ពុជា ប្រជាជនកម្ពុជាជួបតែសេចក្តីសុខគ្រប់ពេលវេលា»៕

Leave a Reply

Your email address will not be published. Required fields are marked *