កូនខ្មែរភាគច្រើនមិនសូវស្គាល់ដើមឈើកម្រមួយប្រភេទនេះ ទេីបក្រុមអភិរក្សបង្ហាញ«ដើមភ្លៅនាង» មានសាច់សរខ្ចីរលោងលាក់ខ្លួនក្នុង……..

(មណ្ឌលគិរី)៖ រុក្ខជាតិដ៏កម្រមួយប្រភេទមានឈ្មោះថា ដើមភ្លៅនាងជាច្រើនដើម ត្រូវបានមន្ត្រីឧទ្យានុរក្សល្បាតប្រទះឃើញ នៅក្នុងដែនជម្រកសត្វព្រៃលំផាតក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរី។ ហើយដើមភ្លៅនាងនេះដែរ មានភាពទាក់ទាញជាខ្លាំង ព្រោះដើមឈើប្រភេទនេះ មានសាច់សរលោង ស្រលូនឡើងទៅលើ ខុសប្លែកពីប្រភេទដើមឈើដទៃទៀត។

ប្រធានមន្ទីរបរិស្ថាន ខេត្តមណ្ឌលគិរី លោក កែវ សុភគ៌ បានឱ្យដឹងថា រុក្ខជាតិប្រភេទនេះដើមភ្លៅនាង ជាប្រភេទរុក្ខជាតិក្នុងព្រៃដែលពើបប្រទះឃើញ នៅក្នុងតំបន់ព្រៃអភិរក្សលំផត់ ស្ថិតនៅក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរី។ រុក្ខជាតិប្រភេទនេះមានដុះដោយដុំដោយកន្លែងនៅក្នុងតំបន់ព្រៃអភិរក្សលំផាត់ ដែលកន្លែងខ្លះ មានប្រហែល២០ ឬ៣០ដើម និងកន្លែងខ្លះអាចមានដល់៥០ដើម។

លោកប្រធានមន្ទីរបានបន្ថែមថា ដើមឈើនេះវាទាក់ទាញអារម្មណ៍យើងត្រង់ថាវារលូន និងស្រលូនល្អប្រៀបដូចជាភ្លៅមនុស្សអញ្ចឹង»។​ លោកបានបន្ថែមទៀតថា នៅពេលដែលយើងធ្វើដំណើរបានមកដល់ ឬជួបដើមភ្លៅនាងធ្វើឲ្យអារម្មណ៍យើងហាក់សប្បាយរីករាយ និងបាត់ភាពនឿយហត់បានមួយចំណែកផងដែរ។ ម្នាក់ៗតែងតែថតរូបដើមភ្លៅនាង ដើម្បីយកទៅបង្ហាញឱ្យអ្នកផងបានស្គាល់ ឬក៏យកទៅចែករំលែកនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក។

លោកប្រធានមន្ទីរបរិស្ថានខាងលើ បានលើកឡើងថា មនុស្សជាច្រើនចង់ឃើញដោយផ្ទាល់អំពីដើមភ្លៅនាងនេះ។ លោកបន្តថាតំបន់អភិរក្សលំផាត់ សំបូរទៅដោយធនធានធម្មជាតិ និងរុក្ខជាតិច្រើនប្រភេទ ហើយបច្ចុប្បន្ននេះ កំពុងត្រូវបានគាំពារ និងថែរក្សាដោយមន្ត្រីឧទ្យាននុរក្ស នៃមន្ទីរបរិស្ថាន ខេត្តមណ្ឌលគិរី។

លោកថាស្ថិតនៅក្នុងតំបន់អភិរក្សលំផាត់នោះ ដើមភ្លៅនាងមានមិនច្រើនពេកទេ។ ទោះជាយ៉ាងណាក៏ដោយក្រុមមន្ត្រីឧទ្យានុរក្សមន្ទីរបរិស្ថាន ខេត្តមណ្ឌលគិរី នឹងថែរក្សាគាំពារដើមភ្លៅនាងនេះឱ្យមាននិរន្តរភាព ដើម្បីជាប្រយោជន៍ឱ្យប្រជាពលរដ្ឋខ្មែរ បានឃើញនៅពេលអនាគតពោលគឺ ហើយរំពឹងថា ដើមភ្លៅនាងមិនផុតពូជនោះឡើយ៕

Leave a Reply

Your email address will not be published. Required fields are marked *