លោកផែងវណ្ណៈ គាត់បានសុបិន្តឃើញព្រះឥន្ទ្រប្រាប់ថា កញ្ញា មាន ពេជ្ររីតា ត្រូវតុលាការ……….

រាជធានីភ្នំពេញ ៖ នៅមុននេះបន្តិច លោកផែង វណ្ណៈ បានបង្ហោះសំណេរថា « យប់មិញបន្ទាប់ពីនឿយហត់ការងារពីថ្ងៃ ខ្ញុំក៏ប្រះខ្លួនដេកលង់លក់ក្នុងដំណេកស្រម៉ុកខុរ ។ ប៉ុន្តែពេលកំពុងដេកលក់ ស្រាប់តែសុបិន្តឃើញមានព្រះឥន្ទ្រមកខ្សឹបប្រាប់ថា ចៅកុំបារម្ភ ក្មេងស្រីដែលកំពុងជាប់ពន្ធនាគាររឿងលួចទូរស័ព្ទដៃនោះ នឹងត្រូវតុលាការដោះលែងនៅរសៀលថ្ងៃនេះហើយ ។ លឺដូច្នេះ ខ្ញុំរំភើបត្រេកអរខ្លាំងណាស់ ។ ប៉ុន្តែពេលភ្ញាក់ពីដេកទើបដឹងថា គ្រាន់តែជាការសុបិន្តប៉ុណ្ណោះ ។

តាមជើងលេខ សុបិន្តរបស់ខ្ញុំភាគច្រើនក្លាយជាការពិត ។ សូមរង់ចាំតាមដានព្រឹកនេះទាំងអស់គ្នា ។ ឥឡូវដល់ម៉ោងទៅលក់ទុរេនហើយជួយទិញផងបងប្អូន ១គីឡូក្រាមតែដប់ខាំទេ»។

សូមបញ្ជាក់ថា កាលពីម្សិលមិញ ផ្ទុះរឿងដ៏កក្រើកពេញផ្ទៃប្រទេស ជម្លោះរវាងឧកញ៉ា ហេង សៀ និងកញ្ញា មាន ពេជ្ររីតា ហើយពេលនេះ កញ្ញា មាន ពេជ្ររីតា ត្រូវលោក កូយ សៅ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបង្គាប់ឲ្យឃុំខ្លួនលេខ៣២៣៩ “ប” ដឃដ ចុះថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ តាមបណ្តឹងរបស់ឧកញ៉ា ហេង សៀ ។ តែយ៉ាងណា កញ្ញា មាន ពេជ្ររីតា ក៏បានប្តឹងបកឧកញ៉ា ហេង សៀ វិញដែរ ពី«ប៉ុនប៉ងរំលោភសេពសន្ថវៈ ដោយមានស្ថានទម្ងន់» និងទាមទារសំណងជំងឺចិត្តចំនួនទឹកប្រាក់១០០ ០០០ដុល្លារ (១០ម៉ឺនដុល្លារអាមេរិក)។

ដោយឡែក កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ កញ្ញា សុង ឆវ័ន្ត ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចធ្វើការចោទប្រកាន់នារីម្នាក់ឈ្មោះ មាន ពេជ្ររីតា ហៅ យូប៊ី អាយុ២០ឆ្នាំ ពីបទ « លួចមានស្ថានទម្ងន់ទោស » ( លួចទូរស័ព្ទដៃ ដោយប្រើហិង្សាបណ្តាលឲ្យឧកញ៉ាម្នាក់រងរបួស) ។

ក្រោយការចោទប្រកាន់ ជនជាប់ចោទត្រូវបញ្ជូនទៅចៅក្រមស៊ើបសួរចាត់ការបន្តតាមនីតិវិធី។ នគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១នេះ បានធ្វើការចាប់បញ្ជូនខ្លួននារីជាជនសង្ស័យឈ្មោះ មាន ពេជ្ររីតា មកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរពាក់ព័ន្ធនឹងករណី លួចទូរស័ព្ទដៃនិងប្រើហិង្សា ចាក់ឧកញ៉ាម្នាក់រងរបួស។

តាមប្រភពព័ត៌មានពីមន្ត្រីសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា ករណីលួចមានស្ថានទម្ងន់ទោសនេះ កើតឡើង កាលពីថ្ងៃទី០៤ ខែឧសភាឆ្នាំ២០២១ វេលាម៉ោង១៥ និង០៦នាទី នៅចំណុចផ្លូវលេខ១៣៨ កែងផ្លូវលេខ២៥៩ ក្រុមទី២៨ ភូមិ១០ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ នារីជាជនត្រូវចោទឈ្មោះ មាន ពេជ្ររីតា ហៅ យូប៊ី បានចូលលួចទូរស័ព្ទដៃ ហើយត្រូវបានលោកឧកញ៉ា ហេង សៀ ម្ចាស់ទូរស័ព្ទឃើញ លោកក៏មកឆក់យកទូរស័ព្ទវិញ ក៏មានការប្រតាយប្រតប់គ្នាបណ្តាលឲ្យលោកឧកញ៉ា ហេង សៀ រងរបួសចំនួនពីរកាំបិត។

នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ ដដែល កញ្ញា មាន ពេជ្ររីតា ហៅ យូប៊ី អាយុ២០ឆ្នាំ ជានិស្សិតឆ្នាំទី២ ផ្នែកពាណិជ្ជកម្ម ជាតារាបង្ហាញម៉ូត និងជាពិធីការិនីទូរទស្សន៍ MyTV បានដាក់ពាក្យបណ្តឹង ប្តឹងបកលោកឧកញ៉ា ហេង សៀ ពីបទ «ប៉ុនប៉ងរំលោភសេពសន្ថវៈមានស្ថានទម្ងន់ទោស» ក្នុងរថយន្ត ។

នៅក្នុងពាក្យបណ្តឹងរបស់ កញ្ញា មាន ពេជ្ររីតា ហៅ យូប៊ី បានបញ្ជាក់ថា កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ ប្រហែលម៉ោង២-៣ លោកឧកញ៉ា ហេង សៀ បានទូរស័ព្ទមក កញ្ញា មាន ពេជ្ររីតា ដោយប្រាប់ថា ចង់ឲ្យអីវ៉ាន់នាង ដូចជាមី អង្ករ ទឹកត្រីមួយចំនួន ដើម្បីយកទៅចែកឲ្យពលរដ្ឋដែលរងគ្រោះដោយជំងឺកូវីដ ហើយឲ្យនាងនៅចាំក្បែរផ្សារគីឡូម៉ែត្រលេខ៤ ជិតសាលកវិទ្យាល័យអាស៊ីអឺរ៉ុប ។ ពេលឧកញ៉ា ហេង សៀ បានបង្ខំឲ្យនាងចូលក្នុងរថយន្តរបស់ឧកញ៉ា ហេង សៀ ដោយប្រាប់ថា មានរឿងចង់និយាយគ្នា ហើយពេលនេះ លោកឧកញ៉ា ហេង សៀ បាននិយាយពាក្យអាសអាភាសដាក់នាង ហើយយកដៃស្ទាប់អង្អែលភ្លៅនាង និងប្រដាប់ភេទនាង ដោយប្រាប់ថា ខ្លួនខានរួមភេទយូរហើយ ព្រោះប្រពន្ធខ្លួនមិនឲ្យសោះ ចាប់តាំងពីចាក់វ៉ាក់សាំងរួចមក ហើយពេលនេះ ខ្លួនមានអារម្មណ៍ចង់រួមភេទណាស់ និងមានបំណងយកនាងទៅផ្ទះសំណាក់ទៀតផង ។

ក្នុងពាក្យបណ្តឹងរបស់កញ្ញា មាន ពេជ្ររីតា បន្តទៀតថា ពេលនោះនាងប្រាប់ទៅលោកឧកញ៉ា ហេង សៀ វិញថា កុំធ្វើអ៊ីចឹងអី នាងលោតចុះពីលើឡាន និងសូមឲ្យជូននាងត្រឡប់ទៅផ្ទះវិញ តែលោកឧកញ៉ា ហេង សៀ ប្រាប់ថា ខ្លួនមានកាំភ្លើង ធ្វើឲ្យនាងមានការភិតភ័យជាខ្លាំង ស្ទើរបាត់បង់ស្មារតី ហើយបានរត់មកកៅអីផ្នែកខាងក្រោយរថយន្ត ហើយលោកឧកញ៉ា ហេង សៀ បានឈប់រថយន្ត ដោយយកដៃមកសង្គ្រប់លើរូបនាង ទើបនាងខំប្រឹងរើបម្រះខ្លាំង រហូតបើកទ្វាររថយន្តបានចុះរត់គេចខ្លួន…។ បើសិនជានាងរត់មិនរួចទេ គឺលោកឧកញ៉ា ហេង សៀ មានបំណងចាប់រំលោភនាងក្នុងឡាន …។

ក្នុងពាក្យបណ្តឹងរបស់កញ្ញា មាន ពេជ្ររីតា បញ្ជាក់ថា នាងសូមធ្វើបណ្តឹងតបវិញ ដោយធ្វើការទាមទារដូចខាងក្រោម៖
១. ប្តឹងឧកញ៉ាពីបទ« ប៉ុនប៉ងរំលោភសេពសន្ថវៈ» ដោយមានស្ថានទម្ងន់
២. ទាមទារសំណងជំងឺចិត្តចំនួនទឹកប្រាក់១០០ ០០០ដុល្លារ (១០ម៉ឺនដុល្លារអាមេរិក)
៣. ទាមទារការខាតបង់ និងខូចខាតពេលវេលា និងសេវាផ្លូវច្បាប់ ចំនួន១០ ០០០ដុល្លារ (មួយម៉ឺនដុល្លារអាមេរិក)៕

 

ប្រភពមកពី: KBN NEWS

Leave a Reply

Your email address will not be published. Required fields are marked *